ច្បាប់ចរាចរណ៍សម្រាប់កង់

កង់ជាយានដែលផ្ដល់ភាពងាយស្រួលនៅពេលត្រូវធ្វើដំណើរទៅកាន់ទីកន្លែងជិតៗ ប៉ុន្តែ វាក៏ជាយានដែលមានគ្រោះថ្នាក់ព្រោះវាអាចបង្កជាឧបទ្ទវហេតុធ្ងន់ធ្ងរនៅពេលប៉ះទង្គិចជាមួយនឹងអ្នកថ្មើរជើង។

សូមអ្នកគោរពច្បាប់ចរាចរណ៍របស់ប្រទេសជប៉ុន ដើម្បីប្រើប្រាស់កង់ប្រកបដោយសុវត្ថិភាព។

ច្បាប់សុវត្ថិភាពចរាចរណ៍សម្រាប់កង់

អ្នកជិះកង់ជាគោលការណ៍ត្រូវប្រើផ្លូវរថយន្ត ប៉ុន្តែអាចប្រើផ្លូវអ្នកថ្មើរជើងក្នុងករណីលើកលែងមួយចំនួន
យោងទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក កង់ត្រូវបានចាត់ចូលជាយានយន្តធុនស្រាល។

នៅកន្លែងដែលមានការបែងចែករវាងផ្លូវអ្នកថ្មើរជើងនិងផ្លូវរថយន្ត អ្នកជិះកង់ជាគោលការណ៍ត្រូវប្រើផ្លូវរថយន្ត។

ប៉ុន្តែ លើកលែងនៅពេលដែលអ្នកជិះកង់ត្រូវជិះឆ្លងកាត់ផ្លូវអ្នកថ្មើរជើងឬផ្នែកសងខាងផ្លូវរថយន្តដោយជៀសពុំបាន ដើម្បីចូលទៅកាន់អគារឬទីកន្លែងដែលស្ថិតនៅក្រៅដងផ្លូវ។

ម្យ៉ាងទៀត ក្នុងករណីជាក្មេងឬកុមារតូចៗឬមនុស្សចាស់(អាយុ70ឆ្នាំឡើងទៅ)ឬជាជនពិការដែលមានបញ្ហាក្នុងការធ្វើដំណើរតាមផ្លូវរថយន្ត ឬ ក្នុងករណីដែលការធ្វើដំណើរតាមផ្លូវរថយន្តអាចមានគ្រោះថ្នាក់ អ្នកជិះកង់អាចប្រើប្រាស់ផ្លូវអ្នកថ្មើរជើងបាន។

ចំពោះផ្លូវរថយន្ត ត្រូវធ្វើដំណើរដោយប្រកាន់ឆ្វេង

ការពិន័យ

ជាប់ពន្ធនាគារចាប់ពី3ខែចុះក្រោម ឬ ពិន័យជាប្រាក់ចាប់ពី5ម៉ឺនយេនចុះក្រោម

ចំពោះផ្លូវអ្នកថ្មើរជើង ត្រូវផ្ដល់អាទិភាពដល់អ្នកថ្មើរជើង ហើយត្រូវជិះក្នុងល្បឿនយឺតជាងករណីនៅលើផ្លូវរថយន្ត

ការពិន័យ

ពិន័យជាប្រាក់ចាប់ពី2ម៉ឺនយេនចុះក្រោមឬការផាកពិន័យក្នុងកម្រិតស្រាល

ការហាមផឹកគ្រឿងស្រវឹងនៅពេលបើកបរ

ការពិន័យ

ជាប់ពន្ធនាគារចាប់ពី5ឆ្នាំចុះក្រោម ឬ ពិន័យជាប្រាក់ចាប់ពី100ម៉ឺនយេនចុះក្រោម

ការហាមជិះពីរនាក់

ការពិន័យ

ពិន័យជាប្រាក់ចាប់ពី2ម៉ឺនយេនចុះក្រោមឬការផាកពិន័យក្នុងកម្រិតស្រាល

ការហាមជិះទន្ទឹមគ្នា

ការពិន័យ

ពិន័យជាប្រាក់ចាប់ពី2ម៉ឺនយេនចុះក្រោមឬការផាកពិន័យក្នុងកម្រិតស្រាល

ការបើកភ្លើងបំភ្លឺនៅពេលយប់

ការពិន័យ

ពិន័យជាប្រាក់ចាប់ពី5ម៉ឺនយេនចុះក្រោម ដូចគ្នាដែរចំពោះករណីកំហុសអចេតនា

*លើកលែងករណីដែលជិះឆ្លងកាត់ផ្លូវរូងក្រោមភ្នំដែលមានភ្លើងបំភ្លឺអាចមើលឃើញច្បាស់នៅខាងមុខចម្ងាយ50ម៉ែត្រ។

គោរពភ្លើងចរាចរណ៍

ការពិន័យ

ជាប់ពន្ធនាគារចាប់ពី3ខែចុះក្រោម ឬ ពិន័យជាប្រាក់ចាប់ពី5ម៉ឺនយេនចុះក្រោម

ចំពោះកំហុសអចេតនា ពិន័យជាប្រាក់ចាប់ពី10ម៉ឺនយេនចុះក្រោម

ការបង្អង់ល្បឿននិងការពិនិត្យសុវត្ថិភាពនៅចំណុចប្រសព្វ

ការពិន័យ

ជាប់ពន្ធនាគារចាប់ពី3ខែចុះក្រោម ឬ ពិន័យជាប្រាក់ចាប់ពី5ម៉ឺនយេនចុះក្រោម

ចំពោះកំហុសអចេតនា ពិន័យជាប្រាក់ចាប់ពី10ម៉ឺនយេនចុះក្រោម

ការបើកបរបណ្ដើរនិងប្រើទូរស័ព្ទដៃឬកាសស្ដាប់បណ្ដើរឬបាំងឆ័ត្របណ្ដើរជាដើមក៏ត្រូវបានហាមឃាត់ដែរ។

*ហាមប្រើកង់ដែលមានហ្វ្រាំងមិនល្អ

(ពិន័យជាប្រាក់ចាប់ពី5ម៉ឺនយេនចុះក្រោម កំហុសអចេតនាក៏ដូចគ្នា)

ការប្រើកង់ដោយបំពានលើច្បាប់ចរាចរណ៍ក្នុងបំណងអាក្រក់នឹងត្រូវបានស៊ើបអង្កេតនិងទាមទារអោយបង់ថ្លៃផាកពិន័យ។

គ្រោះថ្នាក់ ! ធ្វើដំណើរបណ្ដើរប្រើទូរស័ព្ទបណ្ដើរ

ការដើរឬជិះកង់បណ្ដើរដោយចុចទូរស័ព្ទទំនើបបណ្ដើរអាចបង្កជាគ្រោះថ្នាក់បាន។ វាជាទង្វើដែលនាំអោយកើតមានគ្រោះថ្នាក់ជាឧបទ្ទវហេតុផ្សេងៗ។

បរិវេណដែលអាចមើលឃើញតូចជាងធម្មតា

នៅពេលកំពុងចុចទូរស័ព្ទទំនើប អ្នកជិះឬដើរនឹងផ្ដោតអារម្មណ៍ទៅលើអេក្រង់របស់ទូរស័ព្ទ ធ្វើអោយបរិវេណដែលអាចមើលឃើញតូចជាងធម្មតា ហើយគេមិនអាចចាប់អារម្មណ៍ឃើញនូវគ្រោះថ្នាក់ដែលនៅជុំវិញខ្លួននោះទេ ជាហេតុធ្វើអោយគេអាចជួបនឹងឧបទ្ទវហេតុផ្សេងៗ។

ខ្វះការប្រុងប្រយ័ត្ន

នៅពេលបរិវេណដែលអាចមើលឃើញតូចជាងធម្មតា អ្នកជិះឬដើរនឹងខ្វះការប្រុងប្រយ័ត្ន។

នៅពេលដែលបុកត្រូវមនុស្សឬវត្ថុ ក៏គេមិនអាចប្រតិកម្មទាន់ពេលវេលា ធ្វើអោយអាចទទួលរងរបួសដែលនឹកស្មានមិនដល់។

បង្កជាគ្រោះថ្នាក់ចរារចរណ៍

កង់និងរថយន្ត

・បុកពីក្រោយយានជំនិះដែលកំពុងបើកបរនៅខាងមុខ

・ប៉ះទង្គិចនឹងថ្មខ័ណ្ឌចិញ្ចើមផ្លូវឬដើមឈើនៅតាមដងផ្លូវ

ហានិភ័យនៃការជួបឧបទ្ទវហេតុខាងលើកើនឡើងកាន់តែខ្ពស់។

អ្នកថ្មើរជើង

・ប៉ះទង្គិចនឹងអ្នកថ្មើរជើងឬកង់

・រអិលដួលដោយខ្លួនឯង

・ដួលធ្លាក់ទៅក្នុងរណ្ដៅឬស្រះ

ហានិភ័យនៃការជួបឧបទ្ទវហេតុខាងលើកើនឡើងកាន់តែខ្ពស់។

សូមអ្នកបញ្ឈប់សកម្មភាព “ធ្វើដំណើរបណ្ដើរប្រើទូរស័ព្ទបណ្ដើរ” ជាដាច់ខាត !