ដូចម្ដេចដែលហៅថាគ្រោះរញ្ជួយដី?

គ្រោះរញ្ជួយដីគឺជាបាតុភូតដែលផ្ទៃដីមានសកម្មភាពយោលខ្លាំង។

នៅពេលមានគ្រោះរញ្ជួយដីធំ សំណង់អគារនឹងរលំបាក់បែក ដូច្នេះ វាមានគ្រោះថ្នាក់ខ្លាំងណាស់។

នៅក្រោយសកម្មភាពយោលខ្លាំងលើកដំបូង នៅមានការយោលបន្តបន្ទាប់(រញ្ជួយដី(រលករញ្ជួយសល់))ជាច្រើនដងទៀតកើតឡើង។

ប្រទេសជប៉ុនជាប្រទេសដែលសម្បូរទៅដោយគ្រោះរញ្ជួយដីច្រើន។

នៅខេត្តអូគីណាវ៉ាក៏អាចកើតមានគ្រោះរញ្ជួយដីផងដែរ។

គ្រោះរញ្ជួយដីកើតឡើងភ្លាមៗ ដូច្នេះ អ្នកត្រូវចាត់វិធានការសម្រាប់ការពារជីវិតខ្លួនអ្នកនៅពេលមានអាសន្នកើតឡើង ដូចជា ភ្ជាប់គ្រឿងសង្ហារឹមអោយនៅនឹងល្អ ចំណាំកន្លែងសម្រាប់ភៀសខ្លួនទុកជាមុន រៀបចំវត្ថុដែលត្រូវយកទៅជាមួយនៅពេលអាសន្ន ជាដើម គឺត្រូវត្រៀមរៀបចំពីប្រចាំថ្ងៃទៅ។

ដូចម្ដេចដែលហៅថារលកយក្សស៊ូណាមី?

រលកយក្សស៊ូណាមី សម្ដៅទៅលើរលកដែលមានកម្ពស់ខ្ពស់និងដែលកើតឡើងនៅក្រោយពេលកើតមានគ្រោះរញ្ជួយដី។

រលកនេះនឹងបោកទៅដល់កន្លែងដែលធម្មតាគ្មានរលកទៅដល់ផងដែរ ហើយបង្កគ្រោះថ្នាក់ខ្លាំងណាស់។

រលកនេះនឹងបក់បោកមិនត្រឹមតែម្ដងនោះទេគឺច្រើនដង ដូច្នេះ អ្នកមិនត្រូវស្ថិតនៅជិតសមុទ្រជាដាច់ខាត រហូតដល់ពេលមានការដកការប្រកាសអាសន្នឬការប្រកាសសុំអោយប្រុងប្រយ័ត្នជាផ្លូវការ។

សូមអ្នកប្រញាប់ភៀសខ្លួនទៅកាន់ទីកន្លែងដែលខ្ពស់ភ្លាម។

អគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមី

ជាទីកន្លែងភៀសខ្លួនមួយប្រភេទក្នុងទម្រង់ជាអគារសម្រាប់ការភៀសខ្លួនជាបណ្ដោះអាសន្ននៅពេលរលកយក្សស៊ូណាមីបក់បោកមកដល់។

អគារបែបនេះស្ថិតនៅច្រើនក្នុងតំបន់ដែលមានទីខ្ពស់តិច ហើយស្ថាប័នសាធារណៈឬសំណង់អគារគេហដ្ឋានដែលនៅតាមច្រាំងសមុទ្រក៏ត្រូវបានគេចាត់ទុកថាអគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីផងដែរ។

នៅពេលដែលមានការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមី សូមអ្នករត់គេចទៅកាន់ដំបូលនៃអគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីភ្លាម។

អគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីត្រូវបានសម្គាល់ដោយសញ្ញាដែលបង្ហាញដូចក្នុងរូប។

ប្រភព: នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា កូនសៀវភៅស្ដីពីការទប់ស្កាត់គ្រោះមហន្តរាយ