អំពីព្យុះទីហ្វុង
អំពីព្យុះទីហ្វុង

ព្យុះទីហ្វុង គឺជាបាតុភូតដែលសម្ពាធបរិយាកាសត្រូពិចចុះទាបខ្លាំង ហើយធ្វើអោយកើតមានខ្យល់ខ្លាំងនិងភ្លៀងច្រើន។
ខេត្តអូគីណាវ៉ា ជាតំបន់ដែលមានព្យុះទីហ្វុងបក់បោកមកក្បែរច្រើនបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ហើយព្យុះនេះបក់បោកមកក្បែរភាគច្រើនចាប់ពីខែកក្កដារហូតដល់ប្រហែលខែតុលា ដោយចំនួនជាមធ្យមប្រចាំឆ្នាំគឺ7.4។
ព្យុះទីហ្វុងដែលបក់បោកមកចាប់ពីខែកញ្ញាដល់ខែតុលា ភាគច្រើនជាព្យុះទីហ្វុងដែលមានអានុភាពខ្លាំងក្លា ហើយអាចបង្កជាគ្រោះមហន្តរាយធំ។
គ្រោះមហន្តរាយដែលបង្កដោយព្យុះទីហ្វុងអាចប៉ះពាល់ដល់ផលិតផលកសិកម្មជាច្រើន ហើយអាចបង្កជាការបាក់បែកផ្ទះសម្បែងនិងមនុស្សរងរបួសឬស្លាប់ទៀតផង ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នអោយបានដិតដល់។
គេច្រើនប្រើពាក្យថា “ទំហំ” និង “កម្លាំង” ដើម្បីបង្ហាញអំពីអានុភាពរបស់ព្យុះទីហ្វុង។
គេបែងចែកពាក្យទាំងនេះ ដោយ”ទំហំ” សម្ដៅទៅលើប្រវែងកាំនៃបរិវេណដែលមានខ្យល់បោកខ្លាំង (បរិវេណដែលមានខ្យល់បក់ក្នុងល្បឿនចាប់ពី15m/sឡើងទៅ) ហើយ”កម្លាំង” សម្ដៅទៅលើល្បឿនខ្យល់អតិបរមា។
នៅពេលដែលសម្ពាធបរិយាកាសនៅផ្នែកកណ្ដាលនៃព្យុះទីហ្វុងចុះទាប ល្បឿនខ្យល់អតិបរមានឹងកាន់តែខ្លាំងឡើង ហើយចំពោះព្យុះទីហ្វុងដែលមានសម្ពាធបរិយាកាសនៅផ្នែកកណ្ដាលទាបជាង 950hPa (ហិកតូប៉ាស្កាល់) នោះវាងាយនឹងកើតមានព្យុះទីហ្វុងដែលមានអានុភាពខ្លាំង។
ការបែងចែកកម្រិតខ្លាំងជាលំដាប់ថ្នាក់
លំដាប់ថ្នាក់ | ល្បឿនខ្យល់អតិបរមា |
---|---|
ខ្លាំង | ចាប់ពី33m/s (64ណុត) ~ ក្រោម44m/s (85ណុត) |
ខ្លាំងក្លា | ចាប់ពី44m/s (85ណុត) ~ ក្រោម54m/s (105ណុត) |
ខ្លាំងសម្បើម | ចាប់ពី54m/s (105ណុត) |
ការបែងចែកទំហំជាលំដាប់ថ្នាក់
លំដាប់ថ្នាក់ | ប្រវែងកាំនៃព្យុះដែលមានល្បឿនខ្យល់ចាប់ពី 15m/s ឡើងទៅ |
---|---|
ខ្នាតធំ (ទំហំធំ) | ចាប់ពី500km ~ ក្រោម 800km |
ខ្នាតធំខ្លាំង (ទំហំធំខ្លាំង) | ចាប់ពី800km |
កម្លាំងនិងលំនាំបក់បោកនៃខ្យល់

នៅពេលព្យុះទីហ្វុងសម្ដៅមកជិត កម្លាំងខ្យល់បក់ខ្លាំងមានឥទ្ធិពលធ្វើអោយរលកឡើងខ្ពស់និងសម្ពាធបរិយាកាសធ្លាក់ចុះ នាំអោយផ្ទៃទឹកសមុទ្រក៏ឡើងខ្ពស់(ជំនោរខ្ពស់) ហើយរលកទឹកសមុទ្រមានកម្ពស់ខ្ពស់ខ្លាំងទៅតាមនោះដែរ។
ជាពិសេស នៅពេលដែលជំនោរត្រូវឡើងខ្ពស់ដល់កម្រិតអតិបរមាចំពេលដែលព្យុះទីហ្វុងមកដល់ នោះវាអាចបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ។
នៅពេលដែលព្យុះទីហ្វុងខិតជិតមកដល់ឬកំពុងឆ្លងកាត់ អ្នកមិនត្រូវស្ថិតនៅជិតសមុទ្រជាដាច់ខាត។
នៅពេលកើតមានព្យុះទីហ្វុង ទីស្នាក់ការឧតុនិយមនឹងប្រកាសអំពីព័ត័មានថ្មីៗបំផុតទាក់ទងនឹងព្យុះទីហ្វុងក៏ដូចជាការប្រកាសអាសន្នឬការប្រកាសសុំអោយប្រុងប្រយ័ត្នផ្សេងៗ (ជាភាសាជប៉ុននិងភាសាអង់គ្លេសប៉ុណ្ណោះ)។
ម្យ៉ាងទៀត នៅខេត្តអូគីណាវ៉ា ក៏មាន”គេហទំព័រប្រមូលផ្ដុំព័ត៌មានអំពីការទប់ស្កាត់គ្រោះមហន្តរាយនៅខេត្តអូគីណាវ៉ា”ដែលធ្វើការផ្សព្វផ្សាយអំពីព័ត៌មានទាក់ទងនឹងគ្រោះមហន្តរាយនៅក្នុងខេត្តដោយប្រើភាសាជប៉ុន អង់គ្លេស ចិន និង កូរ៉េ។
ប្រភព: នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា កូនសៀវភៅស្ដីពីការទប់ស្កាត់គ្រោះមហន្តរាយ