អាកាសធាតុនៅខេត្តអូគីណាវ៉ា
ខេត្តអូគីណាវ៉ា ជាខេត្តតែមួយគត់នៅប្រទេសជប៉ុនដែលមានអាកាសធាតុសមុទ្រត្រូពិចនៅគ្រប់តំបន់ទាំងអស់ក្នុងខេត្ត ដោយខេត្តនេះជាតំបន់ដែលមានអាកាសធាតុកក់ក្ដៅពេញមួយឆ្នាំ។
នៅរដូវរងាដែលគិតចាប់ពីខែធ្នូដល់ខែកុម្ភៈ ថ្ងៃភាគច្រើនមានមេឃស្រទុំ ប៉ុន្តែ សីតុណ្ហភាពមធ្យមគឺប្រហែល18℃ ដែលនេះប្រហាក់ប្រហែលទៅនឹងសីតុណ្ហភាពនារដូវផ្ការីកនៅភូមិភាគកណ្ដាលនៃប្រទេសជប៉ុន។
ដោយសារខ្យល់បក់ពីទិសខាងជើងមានលក្ខណៈខ្លាំង ទើបគេអាចទទួលអារម្មណ៍រងាជាងតួលេខជាក់ស្ដែងនៃសីតុណ្ហភាពបរិយាកាស។ ក្រោយចប់រដូវភ្លៀងនៅចុងខែមិថុនា ថ្ងៃភាគច្រើនមានអាកាសធាតុស្រឡះហើយក្ដៅស្អុះស្អាប់។
ពីខែមិថុនាដល់ខែតុលា ជារដូវដែលមានព្យុះទីហ្វុងបក់បោកមកជិតញឹកញាប់ ដូច្នេះ គេចាំបាច់ត្រូវប្រុងប្រយ័ត្នអោយបានគ្រប់គ្រាន់។
ជាពិសេស ព្យុះទីហ្វុងដែលកើតឡើងចាប់ពីខែកញ្ញាទៅភាគច្រើនមានលក្ខណៈខ្លាំងក្លា ធ្វើអោយហានិភ័យនៃការកើតមានគ្រោះមហន្តរាយក៏កើនឡើងផងដែរ ដូច្នេះ គេចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះការផ្សាយព័ត៌មានអំពីព្យុះទីហ្វុងនៅពេលនោះអោយបានដិតដល់។


រដូវផ្ការីក (ខែ3 ដល់ ខែ5)

សីតុណ្ហភាពមធ្យមនៃរដូវផ្ការីកនៅខេត្តអូគីណាវ៉ាគឺប្រមាណ22~23℃ ដែលប្រហាក់ប្រហែលទៅនឹងដើមរដូវក្ដៅនៅទីក្រុងតូក្យូ។
រយៈពេលចាប់ពីប្រហែលចុងខែកុម្ភៈដល់ចុងខែមេសា (គិតតាមចន្ទគតិត្រូវនឹងខែកុម្ភៈនិងខែមីនា) ត្រូវបានគេហៅថា ” រដូវដីសើម (ជាភាសាជប៉ុនគឺ អ៊ុរិហ្ស៉ឺង) ” ដែលជារបៀបហៅតាមបែបបុរាណនៃខេត្តអូគីណាវ៉ា។
នៅខេត្តអូគីណាវ៉ា រដូវនេះគឺជារយៈពេលដែលងាយស្រួលរស់នៅជាងគេក្នុងមួយឆ្នាំ។
អាកាសធាតុផ្លាស់ប្ដូរជាលក្ខណៈវិលជុំតាមរដូវ ដោយមានថ្ងៃដែលក្ដៅស្អុះស្អាប់ ហើយក៏មានថ្ងៃដែលធ្លាក់ខ្យល់ធ្វើអោយរងាស្រៀវស្រាញ។
ទោះជាឈានចូលរដូវផ្ការីកក៏ដោយ ក៏ពន្លឺថ្ងៃមានលក្ខណៈខ្លាំងក្លា ហើយកម្រិតនៃកាំរស្មីយូវីមានកម្រិតប្រហាក់ប្រហែលទៅនឹងពាក់កណ្ដាលរដូវក្ដៅនៅតំបន់កាន់តូ។
នៅឆ្នាំធម្មតា រដូវភ្លៀងចាប់ផ្ដើមពីថ្ងៃទី9ខែឧសភា។
រដូវក្ដៅ (ខែ6 ដល់ ខែ8)

នៅខេត្តអូគីណាវ៉ា សម្រាប់ឆ្នាំធម្មតា រដូវភ្លៀងចប់នៅថ្ងៃទី23ខែមិថុនា។
នៅពេលឈានចូលដល់ខែមិថុនា ភ្លៀងចាប់ផ្ដើមធ្លាក់ច្រើន ហើយមានភ្លៀងខ្លាំងធ្លាក់ញឹកញាប់។
នៅពេលចប់រដូវភ្លៀង អាកាសធាតុប្រែប្រួលខ្លាំង ដោយមានថ្ងៃស្រឡះនិងក្ដៅស្អុះស្អាប់ច្រើន។
ប៉ុន្តែ បើមិនគិតអំពីពន្លឺថ្ងៃចាំងខ្លាំងទេនោះ កម្ដៅនៅពេលថ្ងៃគឺមិនសូវចោទជាបញ្ហានោះទេ។
ហើយវាក៏ជាពេលដែលព្យុះទីហ្វុងចាប់ផ្ដើមបក់បោកមកកៀកច្រើនដែរ។
ចំនួនព្យុះទីហ្វុងដែលបក់បោកមកកៀកខេត្តអូគីណាវ៉ានៅចន្លោះពីខែមិថុនាដល់ខែសីហា នៅឆ្នាំធម្មតាគឺចំនួន4.1 (ប្រចាំឆ្នាំមានចំនួន7.4)។
រដូវស្លឹកឈើជ្រុះ (ខែ9 ដល់ ខែ11)

ចំនួនព្យុះទីហ្វុងដែលបក់បោកមកកៀកខេត្តអូគីណាវ៉ានៅខែកញ្ញាសម្រាប់ឆ្នាំធម្មតាគឺចំនួន1.7 ដែលនេះជាចំនួនច្រើននៅលំដាប់ទី2បន្ទាប់ពីខែសីហា(ចំនួន2.2)។
ជាពិសេស នៅរយៈពេលនេះ កម្លាំងព្យុះមានសភាពកើនឡើង ហើយហានិភ័យនៃការកើតមានគ្រោះមហន្តរាយក៏កើនឡើងខ្ពស់ផងដែរ ដូច្នេះ គេត្រូវយកចិត្តទុកដាច់ចំពោះការផ្សាយព័ត៌មានអំពីព្យុះទីហ្វុងអោយបានដិតដល់។
ក្រៅពីព្យុះទីហ្វុង រដូវស្លឹកឈើជ្រុះនៅខេត្តអូគីណាវ៉ានឹងមានថ្ងៃស្រឡះច្រើនគួរសម ហើយបន្តរហូតដល់ដើមខែវិច្ឆិកា ដោយសីតុណ្ហភាពនៅតែខ្ពស់ ប៉ុន្តែ កម្រិតសំណើមមានលក្ខណៈថយចុះ ដូច្នេះ មានថ្ងៃដែលស្រួលរស់នៅជាងរដូវក្ដៅច្រើន។
នៅភូមិភាគកណ្ដាលនៃប្រទេសជប៉ុន រយៈពេលដែលមានអាកាសធាតុកក់ក្ដៅនៅរដូវស្លឹកឈើជ្រុះ ហៅថា “រដូវផ្ការីកតូច” ប៉ុន្តែ នៅខេត្តអូគីណាវ៉ា អាចមានថ្ងៃដែលសីតុណ្ហភាពអតិបរមាឡើងខ្ពស់រហូតដល់ហួស30℃ ហើយគេហៅរយៈពេលនោះថាជា”រដូវក្ដៅតូច”។
រដូវរងា (ខែ12 ដល់ ខែ2)

នៅពេលខែធ្នូកាន់តែចូលមកកៀក សម្ពាធបរិយាកាសនៃរដូវរងាកាន់តែមានលក្ខណៈខ្លាំងឡើង ហើយនៅអូគីណាវ៉ា គេឃើញមានថ្ងៃដែលមានមេឃស្រទុំអាប់អួកាន់តែច្រើន។
សីតុណ្ហភាពមធ្យមនៅរដូវរងាគឺប្រហែល18℃ គឺប្រហាក់ប្រហែលទៅនឹងរដូវផ្ការីកនៅភូមិភាគកណ្ដាល ប៉ុន្តែ ដោយសារតែខ្យល់ខាងជើងបក់បោកខ្លាំងពីតំបន់ទ្វីប អាចធ្វើអោយសីតុណ្ហភាពដែលយើងទទួលអារម្មណ៍ដឹងនោះមានលក្ខណៈទាបជាងតួលេខជាក់ស្ដែងនៃសីតុណ្ហភាពបរិយាកាស។
នៅប្រហែលពាក់កណ្ដាលខែមករា ជារដូវដែលមាន”ផ្កាហ៊ីកាន់ហ្ស៉ាគឹរ៉ា” រីកស្គុសស្គាយ។
បើប្រៀបធៀបទៅនឹង “ផ្កាសុមេអ៊ីយ៉ុស៊ីណុ”ដែលគេឃើញទូទៅនៅភូមិភាគកណ្ដាល នេះជាលក្ខណៈពិសេសនៃផ្កាហ៊ីកាន់ហ្ស៉ាគឹរ៉ាដែលអាចរីកដោយបញ្ចេញផ្កាពណ៌ក្រហមស្រស់នៅរយៈពេលរងាបំផុតក្នុងរដូវរងា។
នៅទីកន្លែងល្បីៗសម្រាប់មើលផ្កាសាគុរ៉ា ដូចជានៅយ៉ាអិដាកិ (សង្កាត់ម៉ុតុប៊ឹឆូ) ជាដើម មានសភាពអ៊ូអរដោយសារមានភ្ញៀវទៅគយគន់ផ្កាជាច្រើន។